(វ៉ាសូវី)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) បាននិយាយថាក្នុងស្ថានភាពបច្ចុប្បន្ន មិនចាំបាច់ត្រូវ បង្កើនការប្រុងជើងខ្ពស់នៃកងកម្លាំងនុយក្លេអ៊ែររបស់ NATO ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី នោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

ការលើកឡើងបែបនេះរបស់លោក ស្ដូលធិនប៊ឺគ ធ្វើឡើងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា នៅមូលដ្ឋានអាកាសក្នុងទីក្រុងឡាស (Lask) ជាទីដែលកងកម្លាំងយន្ដហោះចម្បាំងF-15 និង F-16 កំពុងឈរជើង។

លោក ស្ដូលធិនប៊ឺគ បានបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីៗដែលចាំបាច់ ដើម្បីការពារសម្ពន្ធមិត្តរបស់យើង។ ប៉ុន្តែ យើងមិនគិតឡើយថា ពេលនេះគឺជាពេលត្រូវបង្កើនកម្រិតប្រកាសអាសន្ន ឬប្រុងជើងការខ្ពស់របស់កងកម្លាំងនុយក្លេអ៊ែរ NATO»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ, លោក ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ទាំងជើងគោក, អាកាស និងជើងទឹក ស្ថិតនៅ ក្នុងលក្ខណៈប្រុងជើងការខ្ពស់ត្រៀមប្រយុទ្ធគ្រប់ពេលវេលា ដែលនេះបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ៕