(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់ជាថ្មីថាកងទ័ពអង់គ្លេសនឹងមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនឡើយ ហើយថាការដាក់ពង្រាយកងទ័ពកាលពីពេលថ្មីៗនេះគឺធ្វើឡើងនៅក្នុង ព្រំដែននៃបណ្ដាប្រទេសជាសមាជិក NATO ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

លោក ចនសុន ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបំពេញទស្សនកិច្ចនៅថ្ងៃអង្គារសប្ដាហ៍នេះ ជាទៅកាន់ប្រទេសអេស្ដូនីជាទីដែល កងទ័ពអង់គ្លេសត្រូវបានដាក់ពង្រាយ។

ថ្លែងនាឱកាសនោះ លោកនាយកដ្ឋមន្ត្រីអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថា យើងនឹងមិនប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយការដាក់ពង្រាយទ័ពរបស់យើងនាពេលកន្លងមក ដូចជានៅក្នុងទីក្រុងតាប៉ា (Tapa) នេះ គឺធ្វើឡើងនៅក្នុងព្រំដែននៃប្រទេសជាសមាជិក NATO ប៉ុណ្ណោះ»

លោកបន្ថែមថាអ្វីដែលអង់គ្លេសកំពុងធ្វើ គឺជាវិធានការការពារសុទ្ធសាធ ដែលជាឫសគល់សំខាន់របស់ NATO អស់រយៈពេលច្រើនជាង ៧០ឆ្នាំមកហើយ៕