(ស្វីស)៖ ក្រុមហ៊ុនសាងសង់បំពង់ឧស្ម័ន Nord Stream 2 បានដាក់ពាក្យប្រកាសក្ស័យធនហើយ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់បញ្ឈប់ ប្រតិបត្តិការបំពង់ឧស្ម័ន ដែលជាគម្រោងរួមគ្នាជាមួយរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

ព័ត៌មានក្ស័យធនខាងលើត្រូវបានប្រកាសដោយលោកស្រី ស៊ីលីវ៉ា ថាល់ម៉ាន ហ្គូត (Silvia Thalmann-Gut) ជានាយកសេដ្ឋកិច្ច នៃក្រុមហ៊ុន Nord Stream 2 នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋស្វីស SRF នៅថ្ងៃអង្គារសប្ដាហ៍នេះ។

លោកស្រីបានបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុន Nord Stream បានក្ស័យធនដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន»។ លោកស្រីបន្ថែមថាក្រុមហ៊ុនបានជូនដំណឹងដល់អាជ្ញាធរក្នុងតំបន់ ហើយថាខ្លួនបានដាក់ពាក្យប្រកាសក្ស័យធន ហើយបុគ្គលិកទាំងអស់ ១០៦នាក់ នឹងត្រូវបាត់បង់ការងារ។

គួរបញ្ជាក់ថា Nord Stream 2 គឺជាក្រុមហ៊ុនសាងសង់បំពង់ឧស្ម័ន មានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយក្រុមហ៊ុននេះគឺជាបុត្រសម្ពន្ធ របស់ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom៕