(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលអាមេរិកកំពុងត្រៀមប្រកាសពី ការចេញបម្រាមមិនឱ្យជើងហោះហើររុស្ស៉ី ធ្វើប្រតិបត្តិការឆ្លងកាត់ដែនអាកាសអាមេរិកបានទៀតឡើយ ដែលជាចំណាត់ការស្រដៀងគ្នានឹងសហភាពអឺរ៉ុប ក៏ដូចជាកាណាដាដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា ពេលវេលាជាក់លាក់នៃការប្រកាសពីបម្រាមខាងលើ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាអាចនឹងកើតឡើង ក្នុងរយៈពេល២៤ម៉ោងខាងមុខ គឺអាចកំលុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន)។ មកទល់នឹងពេលឥឡូវ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក បាននាំគ្នាផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរលើដែនអាកាសរុស្ស៉ី ជាការឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន។

គួរបញ្ជាក់ថា ជុំវិញការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន សហភាពអឺរ៉ុបនិងកាណាដា បានប្រកាសបិទដែនអាកាសពួកគេជាបន្តបន្ទាប់ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ខណៈទីក្រុងម៉ូស្គូ ក៏បានដាក់ចេញចំណាត់ការស្រដៀងគ្នា ដើម្បីសងសឹកវិញផងដែរ៕