(ប៊ែរឡាំង)៖ ក្រុមប្រទេស G7 នឹងកោះប្រជុំក្រុមការងារពិសេសមួយ ដែលនឹងផ្ដោតសំខាន់លើការបង្កក ឬរឹបអូសទ្រព្យសម្បតិ្តឥស្សរជន សំខាន់ៗរបស់រុស្ស៊ី ដើម្បីបង្កើនការដាក់សម្ពាធលើទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការបង្កកទ្រព្យសម្បត្តិនេះ នឹងបង្កការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ដល់បុគ្គលនៅក្បែរលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន»

លោកស្រីបន្ថែមថាក្រុមប្រទេស G7 ក៏នឹងបន្តផងដែរលើការសម្រេចដកស្ថាប័នហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ីចេញពីប្រព័ទ្ធទូទាត់ ថវិកាសកល SWIFT ដោយសង្ឃឹមថាទណ្ឌកម្មនឹងបំផ្លាញសមត្ថភាពរដ្ឋាភិបាលរុស្ស៊ី ក្នុងការផ្គត់ផ្គង់លុយកាក់ដល់ប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន៕