(ឡង់ដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្រមានពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយនិយាយថា ចំនួនជនភៀសខ្លួនអាចឈានដល់រាប់លាននាក់ ហើយជាង២០០,០០០នាក់ អាចមកដល់ចក្រភពអង់គ្លេសដើម្បីចូលរួមសមាជិកគ្រួសារអង់គ្លេស។ នេះបើយោងតាមការចេញផ្សាតដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។

គួរបញ្ជាក់ថា តិចជាងមួយសប្តាហ៍ បន្ទាប់ពីទីក្រុងមូស្គូបានបើកការលុកលុយលើអ៊ុយក្រែន មេដឹកនាំលោកខាងលិចកំពុងស្វែងរកមធ្យោបាយដើម្បីជួយប្រជាជនអ៊ុយក្រែនរាប់សែននាក់ដែលបានចាកចេញពីស្រុកកំណើតរបស់ពួកគេ។

ប្រទេសប៉ូឡូញបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣៥០,០០០នាក់ បានឆ្លងកាត់ព្រំដែនរបស់ខ្លួនពីអ៊ុយក្រែនចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការត្រៀមរៀបចំ សម្រាប់លំហូរចូលជនភៀសខ្លួនរាប់លាននាក់ចូលទៅក្នុងប្លុកនេះ៕