(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៩៨,៧៦២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១៣,៣២៣ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២,០២២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តQuảng Ninh មានចំនួន៤,០១១ករណី, ខេត្ត Bắc Ninh ៣,៩៣៣ករណី និងខេត្ត Nghệ An ៣,៨៦៤ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៨៦នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៣,៥៥៧,៦២៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,៤៧៩,៨៨៣នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤០,៣៣៨នាក់៕