(ស៉ីដនី)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី បានផ្តាច់ជីវិតមនុស្សកើនដល់១០នាក់ ស្របពេលដែលប្រជាជនអូស្រ្តាលីខ្ទង់រាប់ម៉ឺននាក់ ត្រូវណែនាំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅកាន់កន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ចាប់តាំងតែពីថ្ងៃអង្គារសប្តាហ៍មុន រដ្ឋ Queensland របស់អូស្រ្តាលី បានទទួលរងការធ្លាក់ភ្លៀងយ៉ាងដំណំ ជាពិសេសនៅទីក្រុងប៊្រីសបេន (Brisbane)។ លំនៅឋានរហូតដល់ ១៨,០០០ខ្នង នៅក្នុងរដ្ឋ Queensland បានរងការប៉ះពាល់ ដោយសារគ្រោះទឺកជំនន់ ខណៈមនុស្សយ៉ាងហោចកើនដល់១០នាក់ បានបាត់បង់ជីវិត និងប្រហែល១,០០០នាក់ ត្រូវបានជួយសង្រ្គោះ។

គួរបញ្ជាក់ថា ខណៈនេះការជន់លិច កំពុងរាលដាលពីរដ្ឋ Queensland ទៅដល់រដ្ឋញូសោតវែល (New South Wales) បន្ថែមទៀត ដោយទីក្រុងស៉ីដនី ដែលមានប្រជាជនជាង៥លាននាក់រស់នៅ ត្រូវបានព្រមានឱ្យត្រៀមខ្លួន ទប់ទល់នឹងគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន។ ប្រជាជនអូស្រ្តាលីសរុបរាប់ម៉ឺននាក់ នៅរដ្ឋ Queensland និងរដ្ឋ New South Wales ស្ថិតក្រោមការបង្គាប់ឱ្យជម្លៀសខ្លួនរបស់អាជ្ញាធរ ដើម្បីទៅរកកន្លែងសុវត្ថិភាព៕