(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក (Sergei Shoigu) បានបញ្ជាក់ថាប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងមិនបញ្ចប់ឡើយ រហូតទាល់តែ ទីក្រុងម៉ូស្គូសម្រេចគោលបំណងធំៗរបស់ខ្លួនបានជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

បើតាមលោក Sergei Shoigu, គោលបំណងធំៗរបស់រុស្ស៊ី នោះគឺការពារប្រទេសជាតិ ពីការគំរាមកំហែងពីសំណាក់លោកខាងលិច និងធ្វើវិយោធកម្ម ឬការរំដោះអ៊ុយក្រែនចេញពីរបបយោធា ព្រមទាំងបោសសម្អាតគំនិតណាហ្ស៊ីហ៊ីត្លែរនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Sergei Shoigu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះ បន្ថែមទៀតថាយោធារុស្ស៊ីមិនមែនកំពុងចង់ត្រួតត្រាទឹកដីអ៊ុយក្រែននោះទេ តែពួកគេកំពុងធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីការពារអាយុជីវិត ជនស៊ីវិល ក្នុងនោះរួមមានទាំងការដាក់កំហិតលើការវាយប្រហារតាមផ្លូវអាកាស ពោលគឺការវាយប្រហារទាំងអស់មានគោលដៅតែទៅលើ ទីតាំងយោធាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចបានហៅប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនថាជាទង្វើឈ្លានពាន និងបំពាន ច្បាប់អន្តរជាតិទាំងស្រុង ហើយជាការឆ្លើយតបពួកគេបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងម៉ូស្គូ ខណៈកំពុងផ្ដល់ជំនួយទាំងមនុស្សធម៌ និងអាវុធឱ្យអ៊ុយក្រែន៕