(តៃប៉ិ)៖ ប្រតិភូមួយក្រុមនៃអតីតមន្ត្រីយោធាជាន់ខ្ពស់ និងសន្តិសុខរបស់សហរដ្ឋអាមេរិកដែលបញ្ជូនដោយលោក ចូ បៃដិន បានធ្វើដំណើរទៅ ដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ហើយ នៅថ្ងៃអង្គារនេះ ខណៈចិនថ្កោលទោសយ៉ាងខ្លាំងដំណើរទស្សនកិច្ចនេះដែលធ្វើឡើង នៅក្នុងបរិបទ ពិភពលោកកំពុងតាមមើលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចខាងលើ ដឹកនាំដោយអតីតនាយសេធិការចម្រុះកងទ័ពអាមេរិក លោក Mike Mullen កើតមានឡើង ចំពេលកោះតៃវ៉ាន់បាន បង្កើនការប្រុងប្រយ័ត្ន ដោយភ័យខ្លាចថាចិនអាចនឹងឆ្លៀតឱកាសបើកការវាយប្រហារណាមួយប្រឆាំងនឹងខ្លួន ខណៈបណ្ដាប្រទេសលោកខាងលិច កំពុងផ្ដោតលើការផ្ដល់ជំនួយជួយអ៊ុយក្រែន។

ក្រុមប្រតិភូអតីតមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើដំណើរតាមរយៈយន្ដហោះឯកជនមួយគ្រឿង និងបានចុះចតនៅឯអាកាសយានដ្ឋាន Songshan នៃទីក្រុងតៃប៉ិ ក្រោមការទទួលស្វាគមន៍ពីសំណាក់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu។ ពួកគេក៏នឹងត្រូវជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ផងដែរនៅថ្ងៃពុធស្អែកនេះ ពោលគឺចំថ្ងៃតែមួយដែលអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ធ្វើដំណើរមកដល់កោះតៃវ៉ាន់។

ប៉ុន្តែដូចទម្លាប់ចាស់ ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានថ្កោលទោសយ៉ាងខ្លាំងការបំពេញដំណើរទស្សនកិច្ចរបស់ អតីតក្រុមមន្ត្រីអាមេរិក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ដូច្នេះថា «ឆន្ទរបស់ ប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសរបស់យើងនឹងមិនមានអ្វីមកកែប្រែបានឡើយ ហើយមិនថានរណាដែល ត្រូវបានសហរដ្ឋអាមេរិក បញ្ជូនមកឱ្យបង្ហាញគាំទ្រតៃវ៉ាន់ ក៏នឹងទទួលរងបរាជ័យផងដែរ»