(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ព្រុយណូ ឡឺម៊ែរ (Bruno Le Maire) បាននិយាយថាទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច ប្រឆាំងទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

លោក ព្រុយណូ ឡឺម៊ែរ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង ហ្វ្រង់អាំងហ្វូ (Franceinfo) នៅថ្ងៃអង្គារនេះ និងមួយថ្ងៃ បន្ទាប់ពីបារាំង សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត បានប្រកាសថាពួកគេនឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ លោក ព្រុយណូ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងនឹងនាំមកនូវការដួលរលំសេដ្ឋកិច្ចរបស់រុស្ស៊ី»

គួរបញ្ជាក់ថា មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃចន្ទបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការដាក់ទណ្ឌកម្មថ្មីបន្ថែម ដែលនឹងបង្ហាញពីផលវិបាកធ្ងន់ធ្ងរចំពោះលោក ពូទីន សម្រាប់សង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាអាទិភាពមួយ របស់បារាំង៕