(វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) បានឱ្យដឹងថា មនុស្សសរុប ចំនួន៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានក្មេង៣នាក់ ក្រោយករណីបាញ់ប្រហារដែលមានលក្ខណៈជា អំពើឃាតកម្មផងនិងអត្តឃាតផងនោះ បានកើតឡើងក្នុងព្រះវិហារមួយកន្លែង នៅឯទីក្រុងសាក្រាមិនតូ (Sacramento) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរអាមេរិកបានឱ្យដឹងថា បុរសម្នាក់ដែលជាឪពុក បានដើរចូលទៅក្នុងព្រះវិហារមួយកន្លែង នៅតំបន់អាដិន-អាខេដ (Arden-Arcade) ហើយបាញ់សម្លាប់ក្មេង៣នាក់ ដែលកូនរបស់ខ្លួន ខណៈពួកគេសុទ្ធតែមានអាយុក្រោម១៥ឆ្នាំ ហើយក្រោយមកជននោះ ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ចំណែកបុគ្គលទី៥ ដែលស្លាប់ ត្រូវបានគេកំណត់អត្តសញ្ញាណឃើញថា ជាប្រពន្ធរបស់ខ្មាន់កាំភ្លើង។

គួរបញ្ជាក់ថា ពេលកើតហេតុនោះ ក៏មានមនុស្សដទៃផ្សេងទៀត ស្ថិតក្នុងព្រះវិហារដែរ ប៉ុន្តែពុំមានអ្នកណាជាប់ពាក់ព័ន្ធ ឬមួយក៏រងគ្រោះថ្នាក់ឡើយ៕