(ប៉េកាំង)៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយ «សេចក្តីប្រកាសស្តីពីការធ្វើស្ថិតិ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមឆ្នាំ២០២១»។ នៅឆ្នាំ២០២១ សេដ្ឋកិច្ចចិនបានរងសម្ពាធគ្រប់ផ្នែកទាំងក្នុងស្រុកនិងក្រៅប្រទេស ប៉ុន្តែក្នុងស្ថានភាពលំបាក សេដ្ឋកិច្ចចិនបែរជាសម្រេចបាននូវ កំណើនចំនួន៨.១ភាគរយ ល្បឿនកំណើននៃ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រទេសចិន បានឡើងដល់៨ភាគរយ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនទទួលបានសមិទ្ធផលបែបនេះ ហាក់ដូចជាមាន «ឱសថពង្រឹងជំនឿចិត្ត» ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការស្វែងរកការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

ក្រៅពីពង្រឹងជំនឿចិត្ត សេដ្ឋកិច្ចចិនក៏បានផ្តល់ការគាំទ្រយ៉ាងប្រាកដប្រជាដល់សេដ្ឋកិច្ចសកលផងដែរ។ ឆ្នាំ២០២១ បើគិតតាមអត្រាប្តូរប្រាក់ គិតជាមធ្យមប្រចាំឆ្នាំ បរិមាណសេដ្ឋកិច្ចសរុបបានឡើងដល់១៧.៧ទ្រីលានដុល្លារអាមេរិក តាមការប៉ាន់ប្រមាណ ត្រូវជាលើសពី១៨ភាគរយនៃសេដ្ឋកិច្ចសកល អត្រារួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចសកលបានឡើងដល់ ២៥ភាគរយ ។ ឥទ្ធពលរបស់សេដ្ឋកិច្ចចិននៅលើឆាកអន្តរជាតិ បាននិងកំពុងពង្រីកធំជាបន្តបន្ទាប់។

បើមើលពីទិន្នន័យជាក់ស្តែងអាចឃើញថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញ និងនាំចូលទំនិញនៃប្រទេសចិន គឺ៣៩.១ទ្រីលានប្រាក់យាន់ចិន បានកើនជាង២១.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ បើគិតតាមអត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំ បានលើសពី៦ទ្រីលានដុល្លារអាមេរិក ដែលកាន់លំដាប់ថ្នាក់លេខមួយ ក្នុងពាណិជ្ជកម្មទំនិញទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ពិភពលោកត្រូវការ «ផលិតផលចិន» ហើយប្រជាជនចិនក៏បានទិញទំនិញនៅលើពិភពលោកទាំងមូល ដែលបានបង្កើតជាតម្រូវការកាន់តែច្រើនផងដែរ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាគោលដៅវិនិយោគ ដែលមានប្រជាប្រិយភាពនៅលើពិភពលោកជាបន្តបន្ទាប់។ ឆ្នាំ២០២១ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែង នូវចំនួនទឹកប្រាក់វិនិយោគទុនបរទេសដោយផ្ទាល់ ១.១ទ្រីលានប្រាក់យាន់ចិន កើនជាង១៤.៩ភាគរយ ប្រើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបាន១ទ្រីលានប្រាក់យាន់ចិនជាលើកដំបូង។ សហគ្រាសទុនបរទេសដែលបានបង្កើតឡើងថ្មី នៅប្រទេសចិនបានឡើងដល់ ៦១,០០០សហគ្រាស កើនជាង២៣.៣ភាគរយ ប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ ក្នុងបរិបទដែលជំងឺកូវីដ១៩នៅតែរីករាលដាលដដែល និងការវិនិយោគនៅលើពិភពលោកកំពុងថយចុះ ទីផ្សារដ៏ធំធេងរបស់ចិន បានបញ្ចេញកាលានុវត្តភាពថ្មី ដែលបានទាក់ទាញសហគ្រាសពហុជាតិ កាន់តែច្រើនឡើងៗទៅប្រកបអាជីវកម្ម។

ឆ្នាំ២០២១ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ របស់ប្រទេសចិន។ ដោយទទួលបានផលប្រយោជន៍ពីកត្តាមួយចំនួន ដូចជាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយមានប្រសិទ្ធភាព ការអនុវត្តគោលនយោបាយដោយចំគោលដៅ និងដំណើរវិលជុំទាំងជាតិនិងអន្តរជាតិបានជំរុញគ្នាទៅវិញទៅមកជាដើម សេដ្ឋកិច្ចចិនទទួលបានស្នាដៃគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២២ ពិតមែនតែនៅតែមានហានិភ័យរីករាលដាលជំងឺកូវីដ១៩ ម្ដងហើយម្ដងទៀត ផលិតកម្មនិងការផ្គត់ផ្គង់នៅទូទាំងពិភពលោក នៅតែដំណើរការមិនសូវរលូន ហានិភ័យភូមិសាស្ត្រនយោបាយនៅតែឡើងកម្តៅក៏ដោយ ក៏ប៉ុន្តែនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ លក្ខណៈសម្បតិ្តនៃការអភិវឌ្ឍសេដ្ឋកិច្ចមិនបានកែប្រែទេ ពោលគឺមានភាពធន់ សក្តានុពល និងចន្លោះអភិវឌ្ឍន៍ដដែល ជាងនេះទៅទៀត និន្នាការងើបឡើងវិញដោយនឹងនរ ផ្លាស់ប្តូររូបមន្ត និងលើកកម្ពស់លំដាប់ថ្នាក់របស់សេដ្ឋកិច្ចចិន ក៏មិនមានការកែប្រែនោះទេ ។

អាចប៉ាន់ប្រមាណថា នៅលើពិភពលោកដែលពោរពេញទៅដោយ ភាពមិនប្រាកដប្រជា សេដ្ឋកិច្ចចិននឹងបន្តដើរតួនាទីជា «របាំងការពារ» តទៅទៀត និងបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើន ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល៕