(កៀវ)៖ ជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីកាន់កាំភ្លើងជួយប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នឹងទទួលបានការលើកលែងទិដ្ឋាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business insider នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងក្រឹតមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ, លោកប្រធានាធិបតី ហ្សេឡិនស្គី បានបញ្ជាក់ថាអ៊ុយក្រែននឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ចំពោះជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ព រុស្ស៊ី។ លោកបន្ថែមថាការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមានភ្លាមៗតែម្ដង ប៉ុន្តែការលើកលែងនេះមិនត្រូវបានអនុវត្តឡើយលើពលរដ្ឋ ឬអ្នកមានសញ្ជាតិរុស្ស៊ី ដ្បិតត្រូវបានអ៊ុយក្រែនចាតទុកថាជាពលរដ្ឋនៃប្រទេសឈ្លានពាន។

ការលើកលែងទិដ្ឋាការខាងលើ កើតមានឡើងបន្ទាប់ពីលោក ហ្សេឡិនស្គីប្រកាសបង្កើតកងពលទាហានស្ម័គ្រចិត្តអន្តរជាតិមួយ សម្រាប់ជនបរទេសដែលស្ម័គ្រចិត្តចូលរួមការពារទឹកដីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី៕