(ប៉េកាំង)៖ មហាសនិ្នបាតសភាទាំងពីររបស់ប្រទេសចិនប្រចាំឆ្នាំ២០២២ ពោលគឺមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នឹងបើកធ្វើនៅថ្ងៃទី៥ និងថ្ងៃទី៤ ខែមិនា ខាងមុខនេះ។ ជារៀងរាល់ឆ្នាំ ក្នុងមហាសន្និបាទសភាទាំងពីរ ចំណុចដែលប្រជាជនចិនយកចិត្តទុកដាក់បំផុត គឺមហាសន្និបាតសភាទាំងពីរនេះ អាចនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅរបស់ប្រជាជន និងអាចបង្កើនសុខមាលភាពឬអត់។ អ្នកដឹកនាំនៃប្រទេសចិនក៏បានគូសបញ្ជាក់ជាច្រើនលើកថា ការបង្កើនសុខមាលភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាគោលបំណងជាសារវន្តនៃការអភិវឌ្ឍ។

បន្ទាប់ពីប្រទេសចិនបានយកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ «គម្រោងជីវភាពរស់នៅរបស់ប្រជាជន» ដ៏សំខាន់ជាជំហានក្រោយទៀតរបស់ប្រទេសចិន បានកំណត់យ៉ាងច្បាស់លាស់រួចហើយ ពោលគឺជំរុញភាពសម្បូរសប្បាយរួម។ នេះជាភារកិច្ចដ៏លំបាកលំបិនរយៈពេលយូរមួយ ផ្លូវឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរួម ក៏ជាផ្លូវធ្វើការតស៊ូព្យាយាមជាមួយគ្នាផងដែរ។

បច្ចុប្បន្ននេះ ប្រទេសចិនបានកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរួចហើយ ឆ្នាំ២០២១ បរិមាណទូទៅនៃទំហំសេដ្ឋកិច្ចចិន បានឡើងដល់ ១៧.៧ទ្រីលានដុល្លារអាមេរិក ដែលបានកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោក ដោយនឹងនរ ផលិតផលក្នុងស្រុកសរុបគឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិនសម្រេចបាន ១២,០០០ដុល្លារអាមេរិក បានលើសពីកម្រិតគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅលើពិភពលោក។ ប៉ុន្តែការអភិវឌ្ឍនៃប្រទេសចិន នៅតែមានបញ្ហាអតុល្យភាព និងមិនពេញលេញយ៉ាងលេចធ្លោ ការអភិវឌ្ឍនិងប្រាក់ចំណូលរវាងទីក្រុងនិងជនបទ មានគម្លាតខ្លាំងបង្គួរ។ នេះជាបញ្ហាប្រឈមជាទូទៅ របស់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន តើថ្នាក់ដឹកនាំចិនសង្កេតឃើញថា ត្រូវដោះស្រាយបញ្ហានេះតាមរប្រៀបណា ?

ជាបឋម ក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសៗគ្នា គួរតែអនុញ្ញាតឱ្យមនុស្សមួយចំនួនមានជីវភាពធូរធារមុនគេ ដើម្បីណែនាំនិងជំរុញឱ្យអ្នកផ្សេង មានជីវភាពធូរធារដូចគ្នា នៅទីបំផុតសម្រេចបាននូវ ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងមូល។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា «និយាយពីការសម្រេចបាននូវភាពសម្បូរសប្បាយរួម គ្រាន់តែទន្ទឹមរង់ចាំមិនបានទេ ហើយធ្វើប្រញាប់ក៏មិនបានដែរ» អ្វីដែលហៅថា «រង់ចាំមិនបាន» ពោលគឺការសម្រេចបាននូវ ភាពសម្បូរសប្បាយរួមគួរតែអនុវត្តជាក់ស្តែង ដោយចែកជាដំណាក់កាលខុសៗគ្នា និងជំហានខុសៗគ្នា សន្សំនូវភាពជោគជ័យតូចៗ ក្លាយទៅជាភាពជោគជ័យធំ។ អ្វីដែលហៅថា «ប្រញាប់ក៏មិនបាន» គឺមានន័យថា ការសម្រេចបាននូវភាពសម្បូរសប្បាយរួម មិនត្រូវល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ចជាសត្យានុម័ត ចៀសវាងពីការលើកឡើងនូវពាក្យស្លោក និងគោលដៅមិនសមស្របនឹងការពិតជាក់ស្តែង។

ទីពីរ ការសម្រេចបាននូវភាពសម្បូរសប្បាយរួម គឺជាគម្រោងជាប្រព័ន្ធមួយ មិនត្រឹមតែត្រូវលើកកម្ពស់ កម្រិតជីវភាពរស់នៅ របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបំពេញតាម តម្រូវការខាងវប្បធម៌របស់ប្រជាជន ដែលមានភាពសម្បូរបែប ច្រើនស្រទាប់និងច្រើនវិស័យទៀតផង។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី និយាយចំពោះភាពសម្បូរសប្បាយរួម ប្រទសចិនបានលើកឡើងនូវលក្ខខណ្ឌកាន់តែខ្ពស់ ហើយបានពង្រីកទៅដល់វិស័យនានា ដែលពាក់ព័ន្ធនឹងសុខមាលភាពនៃជីវភាពរស់នៅ ប្រជាជនចិនរំពឹងទុកអាចទទួលបានការអប់រំ ការព្យាបាលជំងឺ ការធានាក្នុងសង្គម លក្ខខណ្ឌស្នាក់នៅ បរិស្ថាននិងជីវភាពរស់នៅខាងវប្បធម៌កាន់តែល្អ។ល។

ក្តីរំពឹងទុករបស់ប្រជាជន ជាទិសដៅនៃអភិបាលកិច្ច តម្រូវការរបស់ប្រជាជន ជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ មុននឹងមហាសន្និបាតសភាទាំងពីរបើកធ្វើ តំណាងសភាតំណាងប្រជាជន និងសមាជិកនៃសភាពប្រឹក្សានយោបាយគ្រប់ថ្នាក់ បានធ្វើការសិក្សាស្រាវជ្រាវនិងពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងន័យលើកសំណើនិងផ្តល់មតិយោបល់ អំពីបញ្ហាពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កិច្ចកសាងទីក្រុង សុខមាលភាពនៃជីវភាពរស់នៅរបស់ប្រជាជន ការងើបឡើងវិញនៃជនបទ និងកិច្ចកសាងអរិយធម៌អេកូឡូស៊ីជាដើម ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនៃប្រទេសជាតិ។ តើមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំនេះ នឹងដាក់ចេញគោលនយោបាយនិងការរៀបចំចាត់ចែងណាខ្លះ ពិតជាធ្វើឱ្យយើងរង់ចាំខ្លាំងណាស់។

ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា គោលដៅរបស់យើងមានភាពអស្ចារ្យណាស់ផង ហើយក៏មានភាពសាមញ្ញផង និយាយជារួម គឺចង់ឱ្យប្រជាជនចិនទាំងមូល សុទ្ធតែមានជីវភាពរស់នៅដ៏ល្អប្រសើរ។ ឱ្យតែធ្វើរឿងជាក់ស្តែងមួយហើយមួយទៀត និងខិតខំប្រឹងប្រែងពីមួយឆ្នាំទៅមួយឆ្នាំ នោះប្រជាជនចិននឹងកាន់តែខិតជិតនឹង គោលដៅស្តីពីភាពសម្បូរសប្បាយរួមជាក់ជាមិនខាន៕