(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានរាយការណ៍ថាទីក្រុងប៉េកាំងបានចាប់ផ្ដើមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន ហើយ ដោយសារបារម្ភពីសុវត្ថិភាព នៅចំពោះមុខការវាយប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ីដែលជាសម្ពន្ធមិត្តរបស់ចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

បើតាមសារព័ត៌មានរដ្ឋចិន Global Times និស្សិតចិនប្រហែលជា ៦០០នាក់ ត្រូវបានជម្លៀសដោយជោគជ័យ ចេញពីទីក្រុងកៀវ និងទីក្រុង អូដេសា (Odessa) ដោយពួកគេបានធ្វើដំណើរតាមរថយន្ដក្រុង ឆ្ពោះទៅកាន់ប្រទេសម៉ុលដូវ៉ា នៅក្បែរខាងអ៊ុយក្រែន។

ចំណែកឯ ពលរដ្ឋចិន ១,០០០នាក់ផ្សេងទៀត នឹងត្រូវចាកចេញពីអ៊ុយក្រែននៅថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ និងស្លូវ៉ាគីដែលប្រទេស ទាំង២នេះជាសមាជិកសហភាពអឺរ៉ុប៕