(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រជាជនមួយចំនួនសម្រុកនាំគ្នាទិញទំនិញស្តុកទុកនៅតាមផ្សារទំនើប ខណៈមានពាក្យចចាមអារ៉ាមពីការអនុវត្តវិធានការបិទខ្ទប់ទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអង្គារនេះ លោកស្រី Lam បានអំពាវនាវដល់សាធារណជន កុំជឿលើពាក្យចចាមអារ៉ាម និងចៀសវាង ការភ័យខ្លាច ដោយអះអាងថាការផ្គត់ផ្គង់អាហារ និងទំនិញនៅតែមានលក្ខណៈធម្មតា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការធ្វើតេស្តរក COVID-19 ជាកំហិតនឹងចាប់ផ្តើមនៅក្រោយថ្ងៃទី១៧ ខែមីនា តទៅ ដែលនេះបង្កឱ្យ មានការព្រួយបារម្ភថាមនុស្សជាច្រើននឹងត្រូវបង្ខំឱ្យនៅដាច់ដោយឡែក៕