(វ៉ាស៊ីនតោន)៖ សេតវិមាន បានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymr Zelenskiy) ក្នុង ការបង្កើតតំបន់គ្មានការហោះហើរ ចំពោះយន្ដហោះរុស្ស៊ី ដោយសំអាងថាការធ្វើបែបនេះនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះ ឬត្រូវធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៊ី ហើយនេះមិនមែនជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី បានលើកឡើងថាការបង្កើត តំបន់គ្មានការហោះហើរណាមួយនៅក្នុងប្រទេសអ៊ុយក្រែន នឹងតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពរបស់ខ្លួនឱ្យទៅច្បាំងជាមួយរុស្ស៊ី។ លោកស្រី បញ្ជាក់ដូច្នេះថា «ការបង្កើតតំបន់គ្មានការហោះហើរ អាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ពឱ្យទៅពង្រឹងវិធានការបែបនេះ ដែលនេះ អាចនឹងនាំឱ្យមានជម្លោះដោយផ្ទាល់ ឬក៏សង្រ្គាមជាមួយរុស្ស៊ី»

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើចុះការបង្កើតតំបន់គ្មានការហោះហើរចំពោះយន្ដហោះរុស្ស៊ី នៅក្នុងដែនអាកាសអាមេរិក អាចធ្វើទៅរួច ដែរឬទេ? លោកស្រី ជែន សាគី បានឆ្លើយថាជម្រើសនានាមាននៅលើតុរួចជាស្រេច៕