(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាប្រជាជនអាមេរិកមិនគួរបារម្ភពីសង្រ្គាមនុយក្លេអ៊ែរឡើយ បន្ទាប់ពីរុស្ស៊ី ដាក់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ខណៈបណ្ដាប្រទេសលោកខាងលិចបង្កើនការបញ្ជូនអាវុធ និងជំនួយ ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងឆ្លើយតបទៅនឹងសំណួរ ដែលសួរថាតើប្រជាជនអាមេរិកគួរតែភ័យខ្លាចពីសង្រ្គាមនុយក្លេអ៊ែរ ដែរឬទេ នៅឯវេទិកាមួយរៀបចំឡើងនៅសេតវិមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិន បានបញ្ជាក់ត្រង់ថាប្រជាជនអាមេរិកមិនគួរខ្លាច ឬបារម្ភពីសង្រ្គាមនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក៏បានឱ្យដឹងដែរថាក្នុងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកមើលមិនឃើញហេតុផលដែលត្រូវផ្លាស់ប្ដូរកម្រិតប្រុងជើងការនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ៕