(ញូយ៉ក)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានបណ្ដេញបុគ្គលិករុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) ចំនួន១២នាក់ ចេញពីប្រទេសរបស់ខ្លួន ដោយចោទថាអ្នកទាំងនេះធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យរបស់បេសកកម្មអាមេរិកប្រចាំ UN មនុស្សដែលត្រូវបានបណ្ដេញចេញខាងលើ បានបំពានឯកសិទ្ធិនៃការស្នាក់នៅរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដោយបានធ្វើសកម្មភាពលួចយកការណ៍ ដែលនេះជាសកម្មភាពបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក។

ប៉ុន្តែ ខាងភាគីរុស្ស៊ីបានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាជាទង្វើអមិត្ត ហើយក៏មិនទាន់មានការបញ្ជាក់ថាតើ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN ឬបុគ្គលិករុស្ស៊ីជាន់ខ្ពស់ណាម្នាក់ស្ថិតនៅ ក្នុងចំណោមអ្នកត្រូវបានបណ្ដេញចេញនោះទេ ។ បេសកកម្មរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ មានបុគ្គលិកប្រហែល១០០នាក់៕