(ប៉ារីស)៖ ប្រទេសបារាំង នឹងរើស្ថានទូតរបស់ខ្លួនចេញពីរដ្ឋធានីកៀវ ទៅកាន់ទីក្រុងល្វៀវ (Lviv) ស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ខណៈស្ថានការណ៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ការសម្រេចចិត្តខាងលើដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់អ៉ីវ ឡឺទ្រីយ៉ង់ (Jean-Yves Le Drian) បានធ្វើឱ្យ បារាំងក្លាយជាប្រទេសលោកខាងលិចចុងក្រោយគេបំផុត ដែលសម្រេចចិត្តរើសស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីកៀវ។

បើតាមលោក ឡឺទ្រីយ៉ង់ សេចក្ដីព្រាងដំណោះស្រាយមួយនឹងដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បី អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕