(រុស្ស៉ី)៖ លោក អាន់ថូនី ប្ល៊ីនឃិន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្អាកទាំងស្រុងប្រតិបត្តិការស្ថានទូត នៅក្នុងប្រទេសបេឡារុស និងបានលើកឡើងថា មន្រ្តីការទូតសហរដ្ឋអាមេរិកនៅរុស្ស៊ី ត្រូវបានអនុញ្ញាតដោយក្រសួងការបរទេសអាមេរិក ឲ្យចាកចេញពីប្រទេសមួយនេះ ដោយរក្សាទុកតែមន្រ្តីចាំបាច់ប៉ុណ្ណោះ។

រដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ថា ពួកយើងចាត់វិធានការទាំងនេះដោយសារតែបញ្ហាសន្តិសុខ និងសុវត្ថិភាព បង្កឡើងដោយការវាយប្រហារអរិភាព និងអយុត្តិធម៌របស់កងកម្លាំងយោធារុស្ស៊ីមកលើអ៊ុយក្រែន។

នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕