(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិកបានចាត់វិធានាភ្លាមៗ ដើម្បីហាមឃាត់ការជួញដូរប្រាក់ដុល្លារអាមេរិកជាមួយធនាគារកណ្តាលរបស់រុស្ស៊ី និងរារាំងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

វិធានការនេះត្រូវបានគេមើកឃើញថា ជាសកម្មភាពដ៏កាចសាហាវមួយ សំដៅលើមធ្យោបាយដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់រុស្ស៊ីក្នុងការកាត់បន្ថយហានិភ័យឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច។

វិធានការទាំងនេះ គឺសំដៅរារាំងប្រទេសរុស្ស៊ីពីការទទួលបាន មូលនិធិដែលគេស្គាល់ថា «rainy day fund» ដែលក្រុមមន្ត្រីបាននិយាយថា ទីក្រុងម៉ូស្គូបានរំពឹងថានឹងពឹងផ្អែកលើវាក្នុងអំឡុងពេលការឈ្លានពានអ៊ុយក្រែន។ ជំនួសឱ្យការប្រើប្រាស់ប្រាក់បំរុងដើម្បីការពារប្រាក់រូប្ល(លុយរុស្ស៊ី) ដែលកំពុងធ្លាក់ចុះ រុស្ស៊ីនឹងលែងមានសិទ្ធិចូលប្រើប្រាស់ប្រាក់ដែលខ្លួនមានជាដុល្លារអាមេរិកទៀតហើយ៕