(ប៉េកាំង)៖ ថ្ងៃទី២៨ ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស របស់អាមេរិកឆ្នាំ២០២១» ក្នុងន័យលាតត្រដាងនូវ សភាណការណ៍រំលោភសិទ្ធិមនុស្សរបស់អាមេរិក។

របាយការណ៍នេះមានអក្សរសរុបប្រហែល ១៥,០០០តួ ក្រៅពីបុព្វកថា មាន ៦ចំណែក ពោលគឺ៖ ការលេងកលល្បិចក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ បានបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ការចចេសអនុវត្តគំនិតហិង្សា និងបង្កការគំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត ការលេងល្បែងប្រជាធិបតេយ្យលាក់ពុត និងរំលោភសិទ្ធិនយោបាយ ការបណ្តែតបណ្តោយការរើសអើងពូជសាសន៍ ដែលបណ្តាលឱ្យមានវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរ ការធ្វើផ្ទុយនឹងមនុស្សធម៌និយម និងបង្កជាវិបតិ្តជនអន្តោប្រវេសន៍ និងការប្រើប្រាស់ដោយផ្តេសផ្តាស នូវការដាក់ទណ្ឌកម្មដោយកម្លាំងអាវុធ និងរំលោភសិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត។

របាយការណ៍បានលើកឡើងថា នៅឆ្នាំ២០២១ សភាពការណ៍សិទ្ធិមនុស្សដ៏អាក្រក់របស់អាមេរិក មានភាពអាប់អួថែមមួយកម្រិតទៀត។ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុប ៣៤,៥១០,០០០ករណី និងករណីស្លាប់ដល់ទៅ ៤៨ម៉ឺននាក់ ទិន្នន័យទាំងពីរនេះសុទ្ធតែកាន់លំដាប់ថ្នាក់លេខមួយ ក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក។ ចំនួនមនុស្សស្លាប់បាត់បង់ជីវិត ក្នុងព្រឹតិ្តការណ៍បាញ់កាំភ្លើងបានបំបែកកំណត់ត្រាថ្មី ការអនុវត្តច្បាប់ដោយកម្លាំងហិង្សា ធ្វើឱ្យជនអន្តោប្រវេសន៍មានជីវភាពរស់នៅ កាន់តែលំបាកលំបិន។

របាយការណ៍នេះបានលើកឡើងទៀតថា ឆ្នាំ២០២១ រូបភាពរបស់អាមេរិកដែលជា «អ្នកគាំពារសិទ្ធិមនុស្ស» បានផ្តួលរលំទាំងស្រុង ក្នុងមហាសន្និបាតលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានប្រទេសជាច្រើនបានរិះគន់អាមេរិកថាជា «អ្នកបំផ្លិចបំផ្លាញខ្លាំងបំផុត នៃបុព្វហេតុសិទ្ធិមនុស្សជាសកល» ព្រមទាំងដាស់តឿនឱ្យអាមេរិក ដោះស្រាយបញ្ហាសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួន៕ (វិទ្យុមិត្តភាពកម្ពុជាចិន)