(ប៉េកាំង)៖ ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរំលឹកខួបទី៥០នៃការចេញផ្សាយ «សេចក្តីប្រកាសសៀងហៃ» នៅថ្ងៃទី២៨ខែកុម្ភៈ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថា ប្រជាជននៃប្រទេសទាំងពីរចិន និងអាមេរិក សុទ្ធតែជាប្រជាជនដ៏មហិមា។ បំណាច់នឹងទ្វារនៃទំនាក់ទំនងរវាងចិន និងអាមេរិកបានបើករួចហើយ នោះក៏មិនត្រូវបិទវិញទៀតទេ ទោះបីជាសង្រ្គាមត្រជាក់បានបញ្ចប់ក្តី ក៏ពិភពលោកមិនត្រូវដើរត្រឡប់ថយក្រោយដែរ។ ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ចិននិងអាមេរិកគួរក្រេបយកពុទ្ធិកាន់តែច្រើនពី «សេចក្តីប្រកាសសៀងហៃ» ហើយចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរជាសេចក្តីណែនាំ ដើម្បីខំប្រឹងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ចិន និងអាមេរិកគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាខំប្រឹងបង្កើតសុខសុភមង្គលជូនដល់ប្រទេសទាំងពីរនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

លោក វ៉ាង យី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងប្រឈមនឹងការសាកល្បងដ៏តឹងរ៉ឹង ដែលកម្រមានតាំងពីប្រទាំងពីរ បានបង្កើតទំនាក់ទំនងផ្លូវទូតមក មូលហេតុដ៏សំខាន់គឺគោលការណ៍និងស្មារតីដែល «សេចក្តីប្រកាសសៀងហៃ» បានកំណត់នោះមិនទទួលបាន ការគោរពយ៉ាងប្រាកដប្រជានោះទេ។ ភាគីទាំងពីរចិននិងអាមេរិក ត្រូវធ្វើជម្រើសជាប្រវត្តិសាស្រ្តម្តងទៀត ហើយចម្លើយដ៏ត្រឹមត្រូវគឺស្ថិតក្នុង «សេចក្តីប្រកាសសៀងហៃ»។ ភាគីចិនសូមដាស់តឿនឱ្យភាគីអាមេរិក អនុវត្តគោលនយោបាយចំពោះប្រទេសចិន ដែលប្រកបដោយវិចារណញ្ញាណ និងភាពប្រាកដប្រជា ហើយរួមសហការជាមួយភាគីចិន ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរនិងការសម្តែងអាកប្បកិរិយារបស់ លោកប្រធានាធិបតី បៃដិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗ៕