(អូតតាវ៉ា)៖ ប្រតិបត្តិករទូរគមនាគមន៍ធំៗរបស់កាណាដា បានប្រកាសថា ពួកគេបានសម្រេចចិត្តដក ប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៊ី RT ចេញពីបណ្តារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុន Rogers Communications និង BCE's Bell បានប្រកាសថា ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន RT របស់រុស្ស៊ី នឹងលែងមាននៅលើប្រព័ន្ធរបស់ពួកគេទៀតហើយ។ ដោយឡែក, ក្រុមហ៊ុនតែឡឹស (TELUS) ក៏បានបង្ហោះសារថា តែឡឹស អុបទិក TV (Telus Optik TV) កំពុងចូលរួមក្នុងការផ្លាស់ប្តូរនេះដែរ ដោយនឹងអនុវត្តចាប់ពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ តទៅ (ពេលវេលានៅកាណាដា)៕