(អឺរ៉ុប)៖ ការអំពាវនាវសុំយន្តហោះចម្បាំង ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានទទួលជោគជ័យហើយ បន្ទាប់ពីប្រធានគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប (EU) លោក ចូសិព បូរ៉ែល (Josep Borrel) បានប្រកាសថា ប្លុកនេះនឹងផ្តល់យន្តហោះចម្បាំងដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Josep Borrel បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងផ្តល់ឲ្យ (អ៊ុយក្រែន) សូម្បីតែយន្តហោះចម្បាំង។ យើងមិនមែននិយាយ តែពីគ្រាប់កាំភ្លើងនោះទេ, តែយើងកំពុងផ្តល់អាវុធដ៏សំខាន់ជាងនេះ ទៅកាន់សង្គ្រាមមួយ»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) ធ្លាប់បានស្នើសុំ «ប្រភេទយន្តហោះចម្បាំង ដែលកងទ័ពអ៊ុយក្រែន អាចធ្វើប្រតិបត្តិការបាន» ដោយអះអាងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន មានយន្តហោះដែលអ៊ុយក្រែនត្រូវការ៕