(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ស្ថិតក្នុង លក្ខណៈប្រុងជើងការខ្ពស់ ដើម្បីត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។ ការសម្រេចចិត្តបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថាកងទ័ពរុស្ស៊ី មិនអាចយកឈ្នះលើកងទ័ពអ៊ុយក្រែនឱ្យបានលឿនតាមផែនការ ខណៈសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត លោកខាងលិចកាន់តែបង្កើនការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ និងផ្ដល់ជំនួយជាអាវុធឱ្យអ៊ុយក្រែន។

ការប្រកាសដាក់កងកម្លាំងនុយក្លេអ៊ែររុស្ស៊ីឱ្យប្រុងជើងការខ្ពស់ ត្រូវបានសហរដ្ឋអាមេរិក បរិហាថាជាទង្វើដ៏គ្រោះថ្នាក់ និងជាការដុតបញ្ឆេះជម្លោះ ឱ្យកាន់តែតានតឹងដែលនេះជារឿងមិនអាចទទួលយកបានឡើយ។ ប៉ុន្តែ ក្រោយការចេញបញ្ជារបស់លោក ពូទីន មានសំណួរមួយដ៏សំខាន់ដែល ត្រូវបានគេចោទសួរ នោះគឺថាលោកអាចនឹងចុចប៊ូតង់នុយក្លេអ៊ែរ ដែរឬទេ?

សំណួរពាក់ព័ន្ធនឹងចេតនារបស់លោក ពូទីន ក៏ធ្លាប់ត្រូវបានគេចោទសួរជាច្រើនមកដែរ នាពេលកន្លងមក មុននឹងផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។ តើ លោកនឹងក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនដែរឬទេ? ជាការពិត, លោក ពូទីន បានធ្វើរួចហើយ។ តើលោកនឹងធ្វើសង្រ្គាមលើអ៊ុយក្រែន ឬ? បុរសខ្លាំងរូបនេះក៏កំពុងធ្វើរួចហើយដែរ។ លោក ពូទីន ជាមេដឹកនាំម្នាក់ដែលត្រូវបានគេស្គាល់ថា «ហ៊ាននិយាយ ហ៊ានធ្វើ»

យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញ, ការបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែរប្រុងជើងការខ្ពស់ គឺគ្រាន់តែជាយុទ្ធសាស្ត្រមួយដែលលោក ពូទីន ចង់បញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស តាមរយៈការដាក់សម្ពាធលើអ៊ុយក្រែន នៅឯតុចរចាដែលធ្វើឡើងនៅថ្ងៃចន្ទនេះ ហើយលោកក៏ចង់យកវាមក កំញើញកុំឱ្យលោកខាងលិចលូកដៃជួយអ៊ុយក្រែនផងដែរ។

តែទោះជាបែបនេះក្ដី, ជាក់ស្ដែងគេត្រូវរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅឯព្រំដែនបេឡារុស រួមទាំងលទ្ធផលនៃ ប្រតិបត្តិការយោធារបស់លោក ពូទីនជាមុនសិន។ ពោលគឺសង្រ្គាមនៅអ៊ុយក្រែន គឺជាសង្រ្គាមរបស់លោក ពូទីន។ ដូច្នេះប្រសិនបើលោក ពូទីន មិនអាចសម្រេចបានគោលបំណងដែលលោកចង់បានទេ នោះហើយគឺជាអ្វីដែលគេបារម្ភថាលោកអាចនឹងធ្វើរឿងដែលគេនឹកស្មានមិនដល់។ ដោយឡែក ប្រសិនបើលោកអាចសម្រេចគោលដៅបានវិញ នោះគឺអនាគតរបស់អ៊ុយក្រែនជារដ្ឋអធិតេយ្យ និងឯករាជ្យនឹងស្ថិតនៅ ក្នុងភាពមន្ទិលសង្ស័យ។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាប្រកាសបើកប្រតិបត្តិការយោធាវាយអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ, លោក ពូទីនបានព្រមានថា អ្នកណាក៏ដោយឱ្យតែហ៊ានលូកដៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន នោះនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ជាងអ្វីដែលពួកគេធ្លាប់បានជួបនៅក្នុង ប្រវត្តិសាស្ត្រ។ ការព្រមាននេះត្រូវបានគេបកស្រាយថាជាការព្រមានទុកជាមុនពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

ប្រភព៖ BBC (ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)