(ឡាតវី)៖ សភានៃប្រទេសឡាតវីបាន បោះឆ្នោតជាឯកច្ឆ័ន្ទហើយ ដើម្បីអនុញ្ញាតឲ្យ ជនជាតិខ្លួនដែលស្ម័គ្រចិត្ត អាចទៅចូលរួម ប្រយុទ្ធនៅអ៊ុយក្រែន ប្រសិនបើពួកគេចង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ជួរីស រ៉េនខេនីស (Juris Rancanis) ប្រធានគណៈកម្មការការពារជាតិនៃសភាឡាតវី បានថ្លែងថា «ប្រជាពលរដ្ឋរបស់យើងដែលចង់គាំទ្រអ៊ុយក្រែន និងស្ម័គ្រចិត្តទៅកាន់ទីនោះ ដើម្បីការពារឯករាជ្យភាពរបស់អ៊ុយក្រែន និងសន្តិសុខរួមរបស់យើង, ពួកគេពិតជាអាចធ្វើបាន»

គួរបញ្ជាក់ថា ឡាតវីរួមជាមួយនឹងប្រទេសជិតខាង នៃតំបន់បាល់ទិកជាមួយគ្នាដូចជា អេស្តូនី និងលីទុយអានី សុទ្ធតែធ្លាប់ត្រូវបានគ្រប់គ្រងដោយទីក្រុងម៉ូស្គូ។ ប្រទេសទាំងបីនេះបានមើលឃើញថា រុស្ស៊ីជាប្រទេសដែលគំរាមកំហែងពួកគេ ជាយូរណាស់មកហើយ។ មិនដូចប្រទេសអ៊ុយក្រែននោះទេ, ប្រទេសបាល់ទិចទាំង ៣ នេះបានចូលរួមជាមួយ សហភាពអឺរ៉ុប និងអង្គការ NATO ទើបសន្តិសុខរបស់ពួកគេត្រូវបានធានា៕