(វ៉ាទីកង់)៖ បុរីវ៉ាទីកង់របស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទនេះថា ខ្លួនព្រមស្ម័គ្រចិត្តក្នុងការរៀបចំ កិច្ចចរចារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ហើយបុរីវ៉ាទីកង់ក៏សូមអំពាវនាវ ឲ្យបញ្ឈប់សង្គ្រាមនេះជាបន្ទាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់នៃបុរីវ៉ាទីកង់លោក ខាឌីណាល់ ភីត្រូ ប៉ារ៉ូ (Cardinal Pietro Parolin) បានប្រាប់កាសែតអ៊ីតាលីមួយនៅថ្ងៃចន្ទនេះថា «ទោះបីជាសង្គ្រាមត្រូវបានចាប់ផ្តើមដោយរុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែនក្តី ក៏បន្ទប់សម្រាប់ការចរចាគ្នានៅតែមានជានិច្ច»

គួរបញ្ជាក់ថា នៅមុននេះបន្តិច ប្រទេសបេឡារុស បានឱ្យដឹងថាសាលប្រជុំសម្រាប់កិច្ចចរចារវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានរៀបចំរួចរាល់ហើយ។ ក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវជួបចរចាគ្នា នៅឯតំបន់ព្រំដែនបេឡារុសក្បែរទន្លេ ព្រីបយ៉ាត (Pripyat) នៅថ្ងៃចន្ទនេះ។ នៅមុនកិច្ចចរចាចាប់ផ្ដើម អ៊ុយក្រែនបានអះអាងថា កងទ័ពរុស្ស៊ីបានបន្ថយល្បឿននៃការវាយលុករបស់ខ្លួន ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី ឈ្លានចូលដល់ថ្ងៃទី៥ហើយ៕