(ប៊ែន)៖ ប្រធានាធិបតីស្វីស លោក អ៉ីគណាហ្ស៉ីអូ ខាស្ស៉ីស (Ignazio Cassis) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបង្ហើបឱ្យដឹងថា ស្វីសដែលជាប្រទេសប្រកាន់គោលជំហរអព្យាក្រឹត្យ អាចនឹងដើរតាមសហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៉ី ហើយបង្កកទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលមានក្នុងប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ស្វីស RTS លោក Cassis បានប្រាប់ថា ក្រុមប្រឹក្សាសហព័ន្ធនឹងត្រូវជួបប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីវាយតម្លៃលើអនុសាសន៍របស់ អាជ្ញាធរហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន។ នៅពេលត្រូវបានចោទសួរថា តើស្វីសអាចនឹងដើរតាម EU ក្នុងការដាក់ទណ្ឌកម្មដែរឬយ៉ាងណា លោកប្រធានាធិបតីបានឆ្លើយតបថា វាអាចទៅរួចដែលរដ្ឋាភិបាលស្វីសនឹងសម្រេចធ្វើយ៉ាងដូច្នោះ ប៉ុន្តែលោកមិនប្រាកដ១០០ភាគរយឡើយ។

គួរបញ្ជាក់ថា អព្យាក្រឹត្យភាពជាសសរគ្រឹះ នៃគោលនយោបាយការបរទេសរបស់ស្វីស តាំងតែពីឆ្នាំ១៨១៥មកម្ល៉េះ ហើយប្រទេសអឺរ៉ុបមួយនេះ ជាផ្លូវការបានប្រកាន់ជំហរអព្យាក្រឹត្យ ក្នុងសង្រ្គាមលោកទាំងពីរលើក។ ពាក់ព័ន្ធបញ្ហាអ៊ុយក្រែនពេលបច្ចុប្បន្ន ស្វីសបានដើរលើខ្សែបន្ទាត់កណ្តាលមួយ រវាងការបង្ហាញសាមគ្គីភាពជាមួយលោកខាងលិច និងការរក្សាអព្យាក្រឹត្យភាពតាមទម្លាប់របស់ខ្លួន ប៉ុន្តែឥឡូវនេះកំពុងប្រឈមនឹងការដាក់សម្ពាធ ឱ្យឈរនៅខាងលោកខាងលិចឱ្យច្បាស់ៗតែម្តង ហើយចូលរួមអនុវត្តទណ្ឌកម្មកម្រិតធ្ងន់របស់សហភាពអឺរ៉ុបលើរុស្ស៉ី៕