(ម៉ូស្គូ)៖ ប្រមុខប្រតិភូរុស្ស៊ីដឹកនាំកិច្ចចរចាជាមួយអ៊ុយក្រែន បាននិយាយនៅថ្ងៃអាទិត្យនេះថាខាងភាគីទីក្រុងម៉ូស្គូ នឹងរង់ចាំចម្លើយពីទីក្រុងកៀវ

រហូតដល់ម៉ោង ១២៖០០នាទីយប់នេះ (ម៉ោងនៅបេឡារុស) ជុំវិញកិច្ចចរចាក្នុងទីក្រុងហ្គូមែល (Gomel)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខ សង្រ្គាមកាន់តែក្ដៅគគុក។ វាអាចនឹងក្លាយជាកិច្ចចរចាលើកដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ដោយឡែកបើតាម អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ប្រតិភូរុស្ស៊ី ក្នុងនោះរួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីរង់ចាំជួបចរចាជាមួយសមាភាគីអ៊ុយក្រែន ក្នុងទីក្រុង ហ្គូមែល (Gomel)។

ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល ដោយចោទថាបេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោកបន្ថែមថាអ៊ុយក្រែន នៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងផ្សេងក្រៅពីបេឡារុស៕