(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាស់ឈិនកូ (Alexander Lukashenko) នៅថ្ងៃអាទិត្យនេះបានអំពានាវឱ្យ រដ្ឋាភិបាលអ៊ុយក្រែន អង្គុយចុះចរចាស្វែងរកសន្តិភាពជាមួយរុស្ស៊ី ហើយធ្វើដូច្នេះទើបប្រទេសជាតិមិនបាត់បង់លក្ខណៈជារដ្ឋឯករាជ្យ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Alj Jazeera នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការអំពាវនាវរបស់លោក លូកាស់ឈិនកូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានច្រានចោលកិច្ចរចាជាមួយរុស្ស៊ី នៅក្នុងប្រទេសបេឡារុស។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីបេឡារុសរូបនេះបានបញ្ជាក់ដូច្នេះថា «ពួកគេ (រុស្ស៊ី) កំពុង អង្គុយចុះ និងរង់ចាំនៅឯតុចរចា ក្នុងទីក្រុង Gomel។ ប្រសិនបើ អ៊ុយក្រែនចូលរួមចរចា នោះវានឹងក្លាយជាកិច្ចចរចា តែបើពួកគេមិនមកទេ នោះវាគឺដូចដែលលោកប្រធានាធិបតី ពូទីន ប្រាប់ខ្ញុំកាលពីម្សិលមិញថាយើងមិនអាចធ្វើអ្វីបានទេ ព្រោះជាជម្រើសរបស់ពួកគេ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នៅថ្ងៃអាទិត្យនេះបានបន្តច្រានចោលកិច្ចរចា ជាមួយរុស្ស៊ី នៅក្នុងប្រទេសបេឡារុស ដោយនិយាយថា បេឡារុស កំពុងរួមដៃជាមួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន បានបញ្ជាក់ថាខ្លួនចង់បានសន្តិភាព និងត្រៀមខ្លួនជានិច្ចចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ី នៅទីតាំង ឬប្រទេសផ្សេង ក្រៅពីបេឡារុស។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ប្រតិភូរុស្ស៊ី ក្នុងនោះរួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីរង់ចាំជួបចរចាជាមួយសមាភាគីអ៊ុយក្រែន ក្នុងទីក្រុង ហ្គូមែល (Gomel)៕