(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នៅថ្ងៃអាទិត្យនេះបានបន្តច្រានចោលកិច្ចរចាជាមួយ រុស្ស៊ី នៅក្នុងប្រទេសបេឡារុស ដោយនិយាយថា បេឡារុស កំពុងរួមដៃជាមួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយនៅថ្ងៃអាទិត្យនេះ ដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខសង្រ្គាមកាន់តែក្ដៅគគុក។ វាអាចនឹងក្លាយជាកិច្ចចរចាលើកដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែត្រូវបានភាគីអ៊ុយក្រែនទាត់ចោល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ប្រតិភូរុស្ស៊ី ក្នុងនោះរួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីរង់ចាំជួបចរចាជាមួយសមាភាគីអ៊ុយក្រែន ក្នុងទីក្រុង ហ្គូមែល (Gomel)។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន បានបញ្ជាក់ថា ត្រៀមខ្លួនជានិច្ចចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ី នៅទីតាំង ឬប្រទេសផ្សេង ក្រៅពីបេឡារុស៕