(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាប្រទេសរបស់លោកនឹងធ្វើការជាមួយបណ្ដា ប្រទេសជាសមាជិក NATO ដើម្បីផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យនេះ លោក ម៉ូរីសុន បានបញ្ជាក់ដូច្នេះថា «យើងបានផ្ដល់រួចហើយឱ្យអ៊ុយក្រែននូវការគាំទ្រដ៏សំខាន់ នោះគឺជំនួយបរិក្ខាពេទ្យ និងបរិក្ខាយោធាមិនមែនជាអាវុធប្រយុទ្ធ។ ប៉ុន្តែ ខ្ញុំទើបតែបានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិ ហើយយើងនឹងផ្ដល់ ការគាំទ្រដែលយើងអាចធ្វើបាន ក្នុងការផ្គត់ផ្គង់អាវុធប្រយុទ្ធឱ្យអ៊ុយក្រែន តាមរយៈប្រទេសជាដៃគូ NATO ជាពិសេសគឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស»

គួរបញ្ជាក់ថា ក្រៅពីអូស្ត្រាលី, បណ្ដាប្រទេសជាច្រើនទៀតដូចជាអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក ក៏កំពុងផ្ដល់ជំនួយយោធា រួមទាំងអាវុធ ដល់អ៊ុយក្រែនផងដែរ ដែលកំពុងទប់ទល់តែម្នាក់ឯងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី៕