(វ៉ាស៊ីនតោន)៖ ឧត្ដមសេនីយ៍ឯកអ៊ុយក្រែន លោក បូរីស ក្រេមិននេតស្គី (Borys Kremenetsky) បានអះអាងថាកងទ័ពអ៊ុយក្រែន បានចាប់ខ្លួន កងទ័ពរុស្ស៊ីប្រហែលជា ២០០នាក់ និងបានអនុញ្ញាតឱ្យពួកគេអាចទូរស័ព្ទទៅកាន់ឪពុកម្ដាយ ក៏ដូចជាផ្ដល់ចំណីអាហារ និងទឹកដល់ពួកគេផងដែរ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Kremenetsky ដែលជាមន្ត្រីយោធាម្នាក់នៅឯស្ថានទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងចាប់បានកងទ័ពរុស្ស៊ីជាង ២០០នាក់ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះ មានអាយុ១៩ឆ្នាំ និងខ្លះទៀតមិនបានទទួលការបំពាក់បំប៉នយោធា ឬទទួលបានការបណ្ដុះបណ្ដាល យោធាត្រឹមត្រូវនោះទេ»។ លោក បន្ថែមថាខាងភាគីអ៊ុយក្រែនមិនបានបំពានអ្វីលើកងទ័ពរុស្ស៊ីទាំងនេះទេ ដោយអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ។

ប៉ុន្តែ ខាងរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ រីឯសារព័ត៌មាននានាក៏មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មានដែលលោក Kremenetsky បានអះអាងនោះដែរ៕