(វ៉ាស៊ីនតោន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងហោច ២៤០នាក់បានស្លាប់ និងរបួស នៅក្នុង ការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន អស់រយៈពេលជាង៣ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមការិយាល័យ UN ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា (OCHA) ជនស៊ីវិលអ៊ុយក្រែន ៦៤នាក់បានស្លាប់ ហើយចំនួន អ្នកស្លាប់អាចនឹងបន្តកើនឡើង។

OCHA ក៏បានបន្ថែមដែរថាការខូចខាត ឬការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ពន្ធស៊ីវិល បានបង្ខំឱ្យប្រជាជនរាប់ពាន់ នាក់គ្មានអគ្គីសនី ឬទឹកប្រើប្រាស់ ខណៈប្រជាជនអ៊ុយក្រែនរាប់សែននាក់ខ្លះភៀសខ្លួននៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសក្បែរខាង ហើយនេះកំពុងបង្កជាវិបត្តិមនុស្សធម៌ ជាពិសេសនៅភាគខាងជើង ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន៕