(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ហើយថារូបលោកកំពុង បន់ស្រន់ឱ្យប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅឯសន្និសីទអ្នកភិរក្សនិយម CPAC រៀបចំឡើងក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ នេះ (ម៉ោងនៅផ្ល័រីដា)។ ថ្លែងទៅកាន់អ្នកចូលរួម ហើយក្រៅតែពីថ្កោលទោសរុស្ស៊ី លោក ត្រាំ ក៏បានឆ្លៀតរិះគន់លោក ចូ បៃដិន និងបង្ហើបពីចេតនា ចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ផងដែរ។ «ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន គឺជារឿងដ៏រន្ធត់។ យើងកំពុង បន់ស្រន់ឱ្យប្រជាជនអ៊ុយក្រែនដ៏ក្លាហាន»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដោយបន្ថែមថាសង្រ្គាមប្រហែលជាមិនកើតឡើងឡើយ បើសព្វថៃ្ង លោកគឺជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ដូណាល់ ត្រាំ ក៏បានហៅប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ថាជា «បុរសក្លាហានម្នាក់» ដែរ បន្ទាប់ពីលោកផ្ទាល់កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហៅប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជា «មនុស្សឆ្លាតម្នាក់»៕