(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បាអ៊ែរបុក (Annalena Baerbock) បានសង្កត់ធ្ងន់ពីទំនួលខុសត្រូវ ពិសេសរបស់ចិនចំពោះអ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក វ៉ាង យី។ នេះបើតាមក្រសួងការបរទេសអាល្លឺម៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ចិន កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានបោះឆ្នោតអនុប្បវាទលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ដែលមានបំណងថ្កោលទោសរុស្ស៊ី ពាក់ព័ន្ធ នឹងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ លោក វ៉ាង យី បាននិយាយថាចិនគាំទ្រ NATO , សហភាពអឺរ៉ុប និងរុស្ស៊ី បើកកិច្ចសន្ទនាឡើងវិញ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ ប៉ុន្តែ ចិនមិនគាំទ្រឡើយការប្រើប្រាស់ទណ្ឌកម្ម ដើម្បីដោះស្រាយបញ្ហា ហើយប្រឆាំងជាដាច់ខាតរាល់ទណ្ឌកម្ម ឯកតោភាគីដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កងកម្លាំងយោធារបស់រុស្ស៉ី ទើបទទួលបានបញ្ជាឱ្យបង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀត នៅក្នុងប្រទេសអ៊ុយក្រែន ពីគ្រប់ទិសដៅទាំងអស់ បន្ទាប់ពីអ៊ុយក្រែនមិនព្រមព្រៀងលើការបើកកិច្ចចរចានៅក្នុងប្រទេសបេឡារុស។

តែអ៊ុយក្រែន បានចេញមុខផ្តល់ការបកស្រាយថា ភាគីអ៊ុយក្រែនមិនមែនច្រានចោល ដំណោះការចរចាជាមួយរុស្ស៉ីនោះទេ ប៉ុន្តែអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកឱសានវាទ ឬមួយលក្ខខណ្ឌដែលពិបាកទទួលយក ពីសំណាក់ទីក្រុងម៉ូស្គូ៕