(ប៊ែរឡាំង)៖ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងបិទដែនអាកាស ដោយមិនអនុញ្ញាតឱ្យយន្ដហោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ហោះចូល ឬចុះចតនៅព្រលានយន្តហោះរបស់ពួកគេឡើយ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

សារព័ត៌មានរុស្ស៊ី TASS ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយរបស់ទូរទស្សន៍អាល្លឺម៉ង់ ARD television។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើបម្រាមខាងលើនឹងត្រូវអនុវត្តនៅពេលណានោះទេ។

ប្រទេសជាច្រើននៅអឺរ៉ុបរួមមាន ចក្រភពអង់គ្លេស, ប៊ុលហ្ការី, សាធាណរដ្ឋឆែក, ប៉ូឡូញ, រូម៉ានី, ស្លូវ៉ាគី, លីទុយអានី, អេស្ដូនី រួមទាំងអាល្លឺម៉ង់ បានសម្រេចបិទដែនអាកាសរបស់ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន៕