(ប៊ែរឡាំង)៖ អាល្លឺម៉ង់ បានសម្រេចចិត្តបញ្ជូនអាវុធឱ្យអ៊ុយក្រែនហើយ ដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី ហើយនេះគឺជាការផ្លាស់ប្ដូរគោលនយោបាយមិនបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះដែលទីក្រុងប៊ែរឡាំង ធ្លាប់បានប្រកាន់ភ្ជាប់កន្លងមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រកាសពីការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ធ្វើឡើងដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ និងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បង្ហាញការខកចិត្តថាប្រទេសលោកត្រូវបានទុកចោលឱ្យតស៊ូប្រយុទ្ធជាមួយកងទ័ពរស្ស៊ី តែម្នាក់ឯង។ លោក សូលស៍ បានបញ្ជាក់ដូច្នេះថា «នៅក្នុងស្ថានភាពនេះ, វាគឺជាភារកិច្ចរបស់យើងដែលត្រូវគាំទ្រអ៊ុយក្រែន ឱ្យអស់ពីសមត្ថភាព នៅក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន»

គួរបញ្ជាក់ថា បើតាមលោក សូលស៍ អាល្លឺម៉ង់នឹងបញ្ជូនអាវុធប្រឆាំងរថក្រោះ ១,០០០ដើម និងមីស៊ីល Stinger ៥០០គ្រឿង ព្រមទាំង រ៉ុក្កែត ប្រឆាំងរថក្រោះ ៤០០គ្រឿង ឱ្យអ៊ុយក្រែន។ បន្ថែមពីលើនេះ ជាការបង្ហាញសាមគ្គីភាព អាល្លឺម៉ង់ក៏បានបិទដែនអាកាសមិនឱ្យយន្ដហោះ រុស្ស៊ីចូល ក៏ដូចជាគាំទ្រការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ផងដែរ៕