(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានសម្រេចចិត្តបណ្ដេញធនាគាររុស្ស៊ីមួយចំនួន ចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល (SWIFT) ជាផ្នែកមួយនៃការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈការសម្រេចចិត្តខាងលើ, ទណ្ឌកម្មក៏មានរួមបញ្ចូលផងដែរការរឹតត្បិតលើទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្ដាលរុស្ស៊ី ហើយដែល នឹងត្រូវបានអនុវត្តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មេដឹកនាំមកពី គណៈកម្មការអឺរ៉ុប, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស, កាណាដា និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងនឹងឱ្យរុស្ស៊ីទទួល ខុសត្រូវ ហើយធានាថាសង្រ្គាមនេះគឺជាយុទ្ធសាស្ត្របរាជ័យរបស់លោក ពូទីន»

គួរបញ្ជាក់ថា ការបណ្ដេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី ជាពិសេសការនាំចេញ-នាំចូល និងការផ្លាស់ប្ដូរហិរញ្ញវត្ថុ៕