(កៀវ)៖ រដ្ឋាភិបាលទីក្រុងកៀវនៅថ្ងៃសៅរ៍នេះ បានចេញមុខផ្តល់ការបកស្រាយថា ភាគីអ៊ុយក្រែនមិនមែនច្រានចោល ដំណោះការចរចាជាមួយរុស្ស៉ីនោះទេ ប៉ុន្តែអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកឱសានវាទ ឬមួយលក្ខខណ្ឌដែលពិបាកទទួលយក ពីសំណាក់ទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក មីកៃឡូ ប៉ូដូលីយ៉ាក់ (Mykhailo Podolyak) ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelenskiy) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងអ៊ុយក្រែនគឺបានត្រៀមរៀបចំនូវគោលជំហរចរចារបស់ខ្លួន ប៉ុន្តែបានប្រឈមជាមួយលក្ខខណ្ឌចរចាមិនសមហេតុផលពីសំណាក់ភាគីរុស្ស៉ី។

លោក Podolyak បានបន្ថែមថា អ៊ុយក្រែនចាត់ទុក សកម្មភាពវាយប្រហារយ៉ាងចាស់របស់រុស្ស៉ី ជាពិសេសការបាញ់មីស៉ីលតាមផ្លូវអាកាស មកលើបណ្តាទីក្រុងរបស់អ៊ុយក្រែន ជាទង្វើនៃការព្យាយាមបំបាក់ស្មារតីរបស់អ៊ុយក្រែន ហើយបង្ខំឱ្យអ៊ុយក្រែនទទួលយក លក្ខខណ្ឌចរចាដែលមិនអាចទទួលយកបាន ឬពិបាកនឹងទទួលយក។

នៅថ្ងៃសៅរ៍នេះ ខាងវិមានក្រឹមឡាំងបានចោទអ៊ុយក្រែនថា បានបដិសេធចំពោះដំណើរការចរចាគ្នា ដែលជាហេតុជំរុញឱ្យ រុស្ស៉ីចេញបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារ កាន់តែខ្លាំងថែមទៀតលើអ៊ុយក្រែន ពីគ្រប់ទិសដៅទាំងអស់៕