(អឺរ៉ុប)៖ ប្រទេសអឺរ៉ុបមួយចំនួនទៀត រួមមានអេស្តូនី, ឡាត់វី, លីទុយអានី និងស្លូវេនី នៅថ្ងៃសៅរ៍នេះ សុទ្ធតែបានប្រកាសពីការដាក់បម្រាម មិនឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ប្រើប្រាស់ដែនអាកាសរបស់ពួកគេ ឬមួយក៏ចុះចតនៅព្រលានយន្តហោះរបស់ប្រទេសទាំងនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសេចក្តីប្រកាសខាងលើ ប្រទេសទាំង៤ បានសម្រេចចូលរួមជាមួយប្រទេសអឺរ៉ុបដទៃទៀត ដូចជាចក្រភពអង់គ្លេស ប៊ុលហ្ការី សាធារណរដ្ឋឆែក និងប៉ូឡូញ ក្នុងការបិទដែនអាកាសចំពោះប្រទេសរុស្ស៉ី ដែលជាចំណាត់ការឆ្លើយតបមួយ ចំពោះការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន។ បម្រាមនេះនឹងត្រូវអនុវត្តចំពោះ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ីទាំងអស់ សូម្បីតែក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ៉ូហ្វ្លោត (Aeroflot)។

គួរបញ្ជាក់ថា យ៉ាងណាក្តី ទីក្រុងម៉ូស្គូបានព្រមានហើយថា ខ្លួននឹងចាត់វិធានការសងសឹកត្រឡប់ទៅវិញ ជុំវិញការបិទដែនអាកាសនេះ។ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ រុស្ស៉ីបានដាក់បម្រាមលើ ក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេស ប៊ុលហ្ការី ប៉ូឡូញ និងឆែក មិនឱ្យហោះហើរកាត់ដែនអាកាស ឬចុះចតក្នុងទឹកដីរុស្ស៉ីឡើយ៕