(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក វីគតឺ អ័របាន (Viktor Orban) នៅថ្ងៃសៅរ៍នេះ បានប្រកាសថា ប្រទេសលោកនឹងផ្តល់ការ គាំទ្រដល់ទណ្ឌកម្មទាំងអស់ ដែលសហភាពអឺរ៉ុបសម្រេចដាក់ទៅលើប្រទេសរុស្ស៉ី ហើយនឹងមិនព្យាយាមរារាំងទណ្ឌកម្មណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីហុងគ្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ហុងគ្រីបានបង្ហាញចេញយ៉ាងច្បាស់នូវ ការគាំទ្ររបស់យើង ចំពោះការដាក់ទណ្ឌកម្មទាំងឡាយ ដូច្នេះហើយពួកយើងនឹងមិនធ្វើការរារាំងអ្វីទាំងអស់។ និយាយរួម ឱ្យតែអ្វីដែលថ្នាក់ដឹកនាំអឺរ៉ុបអាច ឯកភាពគ្នាបាន គឺយើងទទួលយកនិងគាំទ្រវាជានិច្ច»។ លោក Orban បានបន្ថែមថា នេះគឺជាពេលត្រូវរួមសាមគ្គីគ្នា វាគឺជាសង្រ្គាមហើយ កិច្ចប្រឹងប្រែងសម្រេចឱ្យបានសន្តិភាពមកវិញ គឺជារឿងសំខាន់បំផុត។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មកម្រិតធ្ងន់លើរុស្ស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីឆ្លើយតបចំពោះការវាយប្រហារ របស់រុស្ស៉ីលើអ៊ុយក្រែន។ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយផ្ទាល់ រួមនិងមន្រ្តីកំពូលៗ មួយចំនួនទៀតរបស់លោកផងដែរ៕