(ប្រាទីស្លាវ៉ា)៖ នៅក្នុងប្រទេសស្លូវ៉ាគី ការប្រកាសភាពអាសន្នត្រូវបានធ្វើឡើង ដោយសារតែលំហូរចូលយ៉ាងច្រើន នៃចំនួនជនភៀសខ្លួន មកពីប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសភាពអាសន្នខាងលើ នឹងមានសុពលភាពចាប់ពីម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់នៅស្លូវ៉ាគី) នាថ្ងៃសៅរ៍នេះ ហើយរដ្ឋាភិបាលស្លូវ៉ាគីបានអះអាងថា ការសម្រេចចិត្តធ្វើយ៉ាងច្នេះ គឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ទប់ស្កាត់ និងកាត់បន្ថយផលវិបាកអវិជ្ជមាន ដែលអាចកើតមានឡើង ដោយសារតែចំនួនយ៉ាងច្រើនលើសលុប នៃជនបរទេសនៅក្នុងទឹកដីស្លូវ៉ាគី ដោយសារតែស្ថានការណ៍ដ៏យ៉ាប់យ៉ឺន នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា ចូលទៅកាន់ប្រទេស អ៊ុយក្រែន។ ប្រការនេះបានបង្កបណ្តាប្រទេសអឺរ៉ុបដទៃទៀត ជាពិសេសក្រុមប្រទេសដែលនៅជាប់របបអ៊ុយក្រែន ត្រៀមលក្ខណៈដើម្បីទទួលជនភៀសខ្លួនអ៊ុយក្រែន ដែលរត់គេចពីសង្រ្គាមផ្ទុះឡើងនៅទីនោះ៕