(ប៉ារីស)៖ ខាងអាជ្ញាធរបារាំងបានឱ្យដឹងថា ពួកគេបានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលដោតទង់ជាតិរុស្ស៉ី នាថ្ងៃសៅរ៍នេះ នៅតំបន់ច្រកសមុទ្រអង់គ្លេស (English Channel)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរបារាំងបានបញ្ជាក់ដូច្នេះថា កប៉ាល់ពាណិជ្ជកម្មខាងលើ ដែលមានឈ្មោះ បាល់ទិច លីឌដឺ (Baltic Leader) មានដឹករថយន្ត ហើយវា ត្រូវបានបញ្ឈប់ការធ្វើដំណើរ នៅច្រកសមុទ្រអង់គ្លេស ហើយបង្វែរផ្លូវឱ្យឆ្ពោះទៅកាន់កំពង់ផែប៊ូឡូញ៉ា (Boulogne) របស់បារាំងវិញ។

គួរបញ្ជាក់ថា ក្រុមមន្រ្តីគយបារាំង បានចាប់ផ្តើមការធ្វើត្រួតពិនិត្យលើកប៉ាល់នោះហើយ ដែលជាប់សង្ស័យជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ស្ថិតក្រោមទណ្ឌកម្ម ដែលអឺរ៉ុបបានដាក់លើប្រទេសរុស្ស៉ី ពាក់ព័ន្ធនឹងការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន៕