(កៀវ)៖ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាង និងបង្ហាញរូបភាពនានានៅថ្ងៃសៅរ៍នេះថា អគារអាផាតមិនកម្ពស់ខ្ពស់មួយខ្នង ស្ថិតនៅក្នុងរដ្ឋធានីកៀវ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល កាលពីយប់មិញនេះ កំលុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរសង្គ្រោះបន្ទាន់អ៊ុយក្រែនបានលើកឡើងថា ការត្រួតពិនិត្យជនរងគ្រោះ កំពុងត្រូវបានធ្វើឡើង ហើយអ្នកនៅលើអគារនេះទាំងអស់ ក៏ត្រូវបានបង្គាប់ឲ្យភៀសខ្លួនចេញផងដែរ។ បើតាមរូបភាពជាក់ស្តែង ជាន់ស្នាក់នៅយ៉ាងហោចណាស់ចំនួន ៥ជាន់បានរងការខូចខាត នៅត្រង់ជ្រុងមួយនៃអគារអាផាតមិននេះ។

អភិបាលទីក្រុងកៀវ លោក វីតាលី គ្លីតសាកូ (Vitaly Klitschko) បានថ្លែងនៅថ្ងៃសៅរ៍នេះថា អគារអាផាតមិនមួយនេះ បានរងការវាយប្រហារដោយមីស៊ីលមួយគ្រាប់ តែលោកមិនបានបញ្ជាក់ថា ជាមីស៊ីលរបស់នរណានោះឡើយ។

ដោយឡែក, មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនដទៃទៀត ក៏បានបង្ហោះរូបភាព នៃការវាយប្រហារនេះផងដែរ ដើម្បីបង្ហាញថា សង្គ្រាមទាំងមូលដែលបង្កឡើងដោយរុស្ស៊ី កំពុងបំផ្លាញអាយុជីវិត ប្រជាជនស្លូតត្រង់អ៊ុយក្រែន ហើយពួកគេបានជំរុញឲ្យរុស្ស៊ី បញ្ចប់សង្គ្រាមនេះជាបន្ទាន់៕