(តៃប៉ិ)៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចរសើបបំផុត បែងចែករវាងចិនដីគោក និងកោះតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិកតែងតែអះអាងថា នេះជាសកម្មភាពជាប្រចាំរបស់ខ្លួន និងស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

កងនាវាទី ៧ នៃសហរដ្ឋអាមេរិកបានប្រកាសថា នាវាចម្បាំង-កម្ទេចមីស៊ីល លំដាប់ថ្នាក់ អាលីច ប៊ឺក (Arleigh Burke-class) មួយគ្រឿងមានឈ្មោះថា USS រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson) ទើបតែបានធ្វើដំណើរលើដែនទឹកអន្តរជាតិ កាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលជាសកម្មភាពជាប្រចាំរបស់ខ្លួន។

លោក នីកូឡាស លីងហ្គោ (Nicholas Lingo) អ្នកនាំពាក្យកងនាវាទី ៧ របស់សហរដ្ឋអាមេរិកខាងលើ បានលើកឡើងនៅថ្ងៃសៅរ៍នេះថា «ការចល័តនាវា កាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិក តែងតែបញ្ជាយន្តហោះ ចល័តនាវា និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»

គួរបញ្ជាក់ថា ចំពោះសកម្មភាពថ្មីរបស់ សហរដ្ឋអាមេរិកខាងលើនេះ ខាងភាគីចិនមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ៕