(ម៉ូស្គូ)៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស, លោក Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប និងលោក Bona ទីប្រឹក្សាប្រធានាធិបតីបារាំង ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីស្ថានការណ៍អ៊ុយក្រែន។

លោក Wang Yi បានធ្វើអធិប្បាយអំពីគោលជំហរមូលដ្ឋាន ៥ចំណុចរបស់ចិន លើបញ្ហាអ៊ុយក្រែនដូចខាងក្រោម៖

ទី១៖ ប្រទេសចិនផ្តួចផ្តើមយ៉ាងមុតមាំនូវការគោរព និងការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយគោរពយ៉ាងប្រាកដប្រជានូវកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ គោលជំហរនេះ គឺមិនកែប្រែនិងមានភាពច្បាស់លាស់ ហើយវាសមស្របនឹងអនុវត្តលើបញ្ហាអ៊ុយក្រែន។

ទី២៖ ប្រទេសចិនផ្តួចផ្តើមនូវទស្សនៈសន្តិសុខ ដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខដែលស្របច្បាប់របស់ប្រទេសនានា គួរតែទទួលបានគោរព។ ក្រោមកាលៈទេសៈ ដែលអង្គការណាតូវាតទីទៅតំបន់ភាគខាងកើតចំនួន ៥លើកជាបន្តបន្ទាប់ ការទាមទារស្របច្បាប់របស់រុស្ស៊ីលើវិស័យសន្តិសុខ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានសមរម្យ។

ទី៣៖ ប្រទេសចិនបានយកចិត្តទុកដាក់លើការវិវត្ត នៃបញ្ហាអ៊ុយក្រែនជាប់រហូត។ ស្ថានការណ៍នាបច្ចុប្បន្នគឺជា អ្វីដែលយើងមិនចង់មើលឃើញ។ ការងារបន្ទាន់នាពេលបច្ចុប្បន្ន គឺគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ជាចាំបាច់ ដើម្បីជៀសវាងកុំឱ្យស្ថានការណ៍អ៊ុយក្រែន មានសភាពកាន់តែអាក្រក់ទៅៗ រហូតដល់គ្រប់គ្រងលែងបាន។ សុវត្ថិភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ជនស៊ីវិល គួរតែទទួលបានការធានាប្រកបដោយប្រសិទ្ធភាព។

ទី៤៖ ប្រទេសចិនគាំទ្រនិងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងផ្លូវទូត ដែលមានអំណោយផលដល់ ការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។

ទី៥៖ ប្រទេសចិនកត់សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែដើរតួនាទីក្នុងលក្ខណៈស្ថាបនា ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន ដោយតម្កល់ទុកសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងសន្តិសុខទូទៅនៃប្រទេសទាំងអស់អាទិភាព៕